ភាពខ្ជិលច្រអូស គឺជាទម្លាប់អាក្រក់មួយ ដែលតែងកើតលើមនុស្សគ្រប់រូប ប៉ុន្តែអាចកែខៃយកឈ្នះកុំឲ្យវាមកត្រួតត្រាបាន ដោយអនុវត្តតាមវិធីសាស្ត្រ ៩ចំណុចដូចខាងក្រោម។
១. បំបែកការងារធំ ទៅជាការងារតូចៗ៖ ពេលខ្លះ អ្នកចាប់ផ្ដើមខ្ជិល ពេលឃើញការងារធំមួយ មិនដឹងថាបញ្ចប់ដោយរបៀបណា ឬត្រូវចំណាយពេលច្រើនម៉ោងជាដើម។ ដូចនេះ ត្រូវបំបែកវាជាតូចៗ ហើយធ្វើម្ដងមួយ ទើបអាចឲ្យអារម្មណ៍ស្រស់ស្រាយ ក្នុងការបញ្ចប់ការងារនោះ ដោយមិនខ្ជិល។
២. ដកឃ្លាមកសម្រាក គេង និងហាត់ប្រាណ៖ ក្នុងករណីខ្លះ ភាពខ្ជិលកើតឡើងដោយសារអស់កម្លាំង និងអស់ថាមពលពីខ្លួន។ ចំណោះស្រាយ គឺអាចផ្ដល់ការសម្រាកខ្លះដល់ខ្លួនឯងសិន កុំបន្តធ្វើទាំងខ្ជិល ដោយគ្មានបានផលអ្វី។ អាចគេងបន្តិច រួចហាត់ប្រាណ ដើម្បីឲ្យទទួលបានភាពស្រស់ថ្លាឡើងវិញ។
៣. គិតពីប្រយោជន៍នៃការងារ៖ អ្វីដែលអ្នកកំពុងធ្វើ ត្រូវគិតពីប្រយោជន៍របស់វា ទើបធ្វើដោយមិនខ្ជិល។ ចៀសវាងគិតពីការលំបាក ឬឧបសគ្គ ដែលអាចរាំងស្ទះកម្លាំងចិត្តរបស់អ្នក រហូតឈានទៅរកភាពខ្ជិល។ គួរគិតពីចំណុចវិជ្ជមាន នៃអ្វីដែលកំពុងធ្វើ នោះអ្នកនឹងមានកម្លាំងចិត្តបន្ត។
៤. គិតថាខ្លួនឯងចង់ក្លាយជាអ្វី៖ មនុស្សដែលមានគោលដៅច្បាស់ ធ្វើអ្វីមួយដោយគ្មានពាក្យថាខ្ជិលឡើយ។ ដើម្បីសម្រេចបំណងដែលខ្លួនចង់បាន និងដឹងថាខ្លួនចង់ក្លាយជាអ្វី នោះអ្នកអាចលើកទឹកចិត្តខ្លួនឯង លាចាកពីពាក្យថា ខ្ជិល។
៥. ពីផលវិបាក នៃភាពខ្ជិល៖ ត្រូវគិតថា មានអ្វីកើតឡើង បើអ្នកបណ្ដោយខ្លួនឲ្យខ្ជិល និងមិនបានបំពេញការងារដែលខ្លួនចង់ធ្វើនោះ។ បន្ទាប់ពីគិតហើយ ត្រូវចាប់ផ្ដើមធ្វើភ្លាម នោះអ្នកនឹងជក់ដៃធ្វើ ដោយលែងមានពាក្យថាខ្ជិលទៀតហើយ។
៦. កុំចាប់ធ្វើរឿងច្រើនក្នុងពេលតែមួយ៖ ត្រូវផ្ដោតលើរឿងតែមួយ ដើម្បីបញ្ចប់ដោយជោគជ័យ មុនចាប់ផ្ដើមឈោងចាប់ការងារមួយទៀត។ នៅពេលមានការងារច្រើន អ្នកនឹងមានអារម្មណ៍ថា "លើសហើយ" រួចក៏ចាប់ផ្ដើមខ្ជិល។
៧. ប្រាប់ខ្លួនឯងថាត្រូវធ្វើ៖ ត្រូវរំឭកខ្លួនឯងជាប្រចាំថា ពេលវេលាមិនចាំឡើយ បើមិនធ្វើហើយ ២៤ម៉ោងប្រាកដជាកន្លងហួសយ៉ាងលឿន។ ដាស់តឿនខ្លួនឯងថា ទាល់តែធ្វើទើបមានលទ្ធផល... ទាល់តែធ្វើ ទើបអាចសម្រេចគោលបំណងបាន។
៨. ចាត់ទុកការងារ ជាការហាត់ប្រាណ៖ ត្រូវគិតថាការងារទាំងអស់ ប្រៀបដូចជាការហាត់ប្រាណ ធ្វើឲ្យរាងកាយកាន់តែរឹងមាំ ធ្វើច្រើន កាន់តែសកម្ម។
៩. រៀនតាមគំរូបុគ្គលជោគជ័យ៖ មើលបុគ្គលជោគជ័យ ថាគេធ្វើយ៉ាងណា ទើបមិនឲ្យភាពខ្ជិលត្រួតត្រាបាន។ នៅពេលសកម្មកាន់តែច្រើន ភាពខ្ជិលក៏ចាកចេញម្ដងបន្តិច ហើយអ្នកនឹងកាន់រឹងមាំ៕