មិនធ្លាប់ជិះយន្តហោះ ចង់សាកក្នុងស្រុក ដឹងប៉ុន្មានចំណុចនេះហើយលែងស្ទាក់ស្ទើរ
មនុស្សគ្រប់គ្នា តែងស្រមៃ ចង់សាក ចង់ស្គាល់គ្រប់រសជាតិនៅក្នុងជីវិត ហើយក្នុងនោះការជិះយន្តហោះក៏ជាក្ដីប្រាថ្នាមួយដែរ។ អ្នកខ្លះគិតថា លុះត្រាតែមានលិខិតឆ្លងដែន ឬចេញទៅក្រៅប្រទេស ទើបអាចជិះយន្តហោះបាន ប៉ុន្តែបើត្រឹមហោះហើរក្នុងស្រុក មិនពិបាកឡើយ។១. ឯកសារភ្ជាប់ សម្រាប់កក់សំបុត្រយន្តហោះ
អ្នកស្រី ហូ សុធា នាយិកាក្រុមហ៊ុនទេសចរណ៍ ធូវើលដ៍ ត្រាវែល បានបញ្ជាក់ថា ដោយសារជាការហោះហើរក្នុងស្រុក ដូចនេះអ្នកដំណើរ មិនទាមទារឲ្យមានលិខិតឆ្លងដែនឡើយ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណបើកបរ ឬកាតសិស្ស ក៏អាចកក់សំបុត្រយន្តហោះបានដែរ។ ចំណែកឯសំបុត្រកំណើត អាចប្រើបានសម្រាប់តែក្មេងតូចប៉ុណ្ណោះ។
២. តម្លៃសំបុត្រ
តម្លៃសំបុត្រផ្លូវការ សម្រាប់ជើងហោះហើរ ភ្នំពេញ-សៀមរាប, ភ្នំពេញ-ខេត្តព្រះសីហនុ និងខេត្តព្រះសីហនុ-សៀមរាប គឺ ៣៨ដុល្លារសម្រាប់តែទៅ (One Way) និង ៧៦ដុល្លារសម្រាប់ទៅ-មក (Round Trip)។ ប៉ុន្តែជាទូទៅ តម្លៃអាចថោកជាងនេះ ទៅតាមរយៈពេលកក់ និងកម្មវិធីរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ហើយកម្រមានអ្នកទិញសំបុត្រពេញថ្លៃណាស់។
ប្រសិនបើមានគម្រោងច្បាស់លាស់ ប្រិយមិត្តអាចកក់បានសំបុត្រយន្តហោះក្នុងកម្មវិធីពិសេសត្រឹម ២៣ ឬ ២៤ដុល្លារប៉ុណ្ណោះ សម្រាប់សំបុត្រទៅមក ភ្នំពេញ-សៀមរាប។ សំបុត្រអាចកក់បានតាមរយៈវិបសាយ ឬការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានជើងហោះហើរក្នុងស្រុកទាំង៤ និងតាមរយៈក្រុមហ៊ុនទេសចរណ៍នានា។
៣. ឥវ៉ាន់ដែលយកតាមខ្លួន
វ៉ាលិសអាចដាក់បានរហូតដល់ទម្ងន់ ២០គីឡូក្រាម។ របស់ដែលត្រូវហាមឃាត់មិនឲ្យដាក់ក្នុងវ៉ាលិស សុទ្ធតែជារបស់ដែលមិនត្រូវការប្រើប្រាស់ប្រចាំថ្ងៃឡើយ ដូចជាគ្រឿងផ្ទុះ ថ្នាំពុល ហ្គាស៍ គ្រឿងញៀន របស់ដែលអាចផ្ទុះឆេះ សរីរាង្គមនុស្ស និងរបស់ហាមឃាត់ជាច្រើនទៀត។ ចំណែករបស់ដែលមិនគួរដាក់តាមវ៉ាលិស គឺលុយ កុំព្យូទ័រ ទូរសព្ទ របស់មានតម្លៃផ្សេងៗ ដែលអាចបាក់បែក និងបាត់បង់។
ចំណែកកាបូបយួរដៃ អាចដាក់របស់ប្រើប្រាស់មួយចំនួន និងគ្រឿងមានតម្លៃនានា ដែលអាចការពារការបាត់បង់។ ចំពោះរបស់ហាមឃាត់ គឺសារជាតិរាវលើសពី ១០០មីល្លីលីត្រ របស់មុតស្រួច កាំភ្លើង ដែកកេះ ឈើគូស សាច់ស្រស់ និងគ្រឿងឆាបឆេះនានា ហើយបច្ចុប្បន្ន Power Bank មួយចំនួន ក៏អាចពិបាកយកតាមខ្លួនដែរ។ កាបូបយួរដៃ កំណត់ត្រឹមទម្ងន់ ៧គីឡូក្រាម។
៤. ក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការ
បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍៤ កំពុងដឹកអ្នកដំណើរក្នុងស្រុក ដែលក្នុងនោះមាន៖
- ក្រុមហ៊ុន Bassaka Air
- ក្រុមហ៊ុន Cambodia Angkor Air
- ក្រុមហ៊ុន Cambodia Bayon Airlines
- ក្រុមហ៊ុន JC Airlines
ក្រុមហ៊ុនទាំងនេះ មានជើងហោះហើរទៅ-មក ភ្នំពេញ-សៀមរាប និង សៀមរាប-ខេត្តព្រះសីហនុទៀងទាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ជើងហោះហើរ ភ្នំពេញ-ខេត្តព្រះសីហនុ មិនទៀងទាត់ឡើយ ព្រោះអាស្រ័យទៅលើអ្នកដំណើរ ប្រសិនបើតិចពេក នឹងលើកពេលទៅជើងក្រោយទៀត។
៥. រយៈពេលហោះហើរ
សុទ្ធតែចំណាយពេលតិចជាង ៤០នាទីទាំងអស់ ប្រសិនបើធ្វើដំណើរតាមយន្តហោះប្រភេទ Airbus A320។
- ភ្នំពេញ-សៀមរាប៖ ប្រហែល ២៨-៣៥នាទី
- ភ្នំពេញ-ខេត្តព្រះសីហនុ៖ ប្រហែល ៣០-៤០នាទី
- ខេត្តព្រះសីហនុ-សៀមរាប៖ ប្រហែល ៣៣-៤០នាទី
No Comment to " មិនធ្លាប់ជិះយន្តហោះ ចង់សាកក្នុងស្រុក ដឹងប៉ុន្មានចំណុចនេះហើយលែងស្ទាក់ស្ទើរ "