Pretty Post

Menu
Browsing Category "Sports"

​​ឆ្នាំ​២០១៨​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​​កាយ​វប្បកម្ម​​អាស៊ីអាគ្នេយ៍ ខណៈ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​​​បើក​​ចុះ​ឈ្មោះ

/ No Comments
សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​កាយ​វប្បកម្ម​ថ្នាក់​ជាតិ ជា​លើក​ទី​១​របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា MR MFIT ដោយ​​កម្មវិធី​នេះ​​ប្រកាស​ឲ្យ​​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ​​



ព្រឹត្តិការណ៍​មិន​​ធ្លាប់​មាន​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​អ្នក​មាន​សាច់ដុំ​ល្អ​ៗ ដើម្បី​យក​​មក​បណ្ដុះ​បណ្ដាល​​ត្រៀម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​កម្មវិធី​ កាយ​វប្បកម្ម​​​អាស៊ីអាគ្នេយ៍។ ​ពេល​វេលា​ដែល​​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នោះ​គឺ​នៅ​​ថ្ងៃ​ទី​២៥-៣០ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​ខេត្ត​សៀមរាប។
​សម្រាប់​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​​លើក​ទី​១​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភ្នំពេញ៕ ​​​​

អ្នក​ចាំទី​ជម្រើស​ជាតិ​អង់គ្លេស​​ និង​ Burnley វះកាត់​ស្មា​ត្រូវ​សម្រាក​ជិត​កន្លះ​ឆ្នាំ​

/ No Comments
Tom Heaton អាច​អវត្តមាន​យ៉ាង​ហោច​ណាស់​ក៏​ជាង​៤​ខែ​ដែរ​ដោយសារ​ត្រូវ​វះកាត់​របួស​ស្មា​ខាង​ឆ្វេង។ ​


អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់ Burnley ​បាន​រង​របួស​អំឡុង​ការ​ប្រកួត​ទល់​ Crystal Palace​​ ហើយ​បាន​​ទទួល​ការ​វះកាត់​កាល​ពី​ថ្ងៃ​ពុធ​ ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​លេង​បាន​ពេញ​ពាក់​កណ្ដាល​រដូវ​កាល​នៅ Premier League និង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ពិភពលោក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ​
អវត្តមាន​កីឡាករ​វ័យ​៣១​ឆ្នាំ​ធ្វើ​ឲ្យ​ក្រុម​លោក Sean Dyche បង្ខំ​ចិត្ត​ផ្ដល់​កុងត្រា​រយៈ​ពេល​ខ្លី​ឲ្យ​ Anders Lindegaard ជា​អតីត​អ្នក​ចាំទី Manchester United ដែល​បច្ចុប្បន្ន​ទំនេរ​គ្មាន​ក្លឹប​លេង៕


លីគ​កំពូល​សប្ដាហ៍​នេះ ​ទ័ព​នៅ​តែ​ធ្វើ​ការ​ធ្ងន់​ដដែល ប៉ះ​បឹង​កេត​

/ No Comments
លីគ​កំពូល​កម្ពុជា ​សប្ដាហ៍​ទី​១៦​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្ថែម​ទៀត ​ដោយ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​បឹង​កេត ​នៅ​ថ្ងៃ​សៅរ៍ ​ទី​១៦ ​នៅ​ស្ដាត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​ត​ទៅ។

កាល​ពី​សប្ដាហ៍​មុន ​ទ័ព​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​នេះ​ម្ដង​មក​ហើយ ​ដោយ​កាល​នោះ​ចាញ់​ក្រុម​ណាហ្គាវើល ០-៣ ​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​៤​ក្នុង​តារាង​លីគ​កំពូល ​មាន​២៧​ពិន្ទុ។ ​ខណៈ​ដែល​សប្ដាហ៍​នេះ​វិញ ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មួយ​ទៀត បឹងកេត ​ដែល​កំពុង​តែ​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា ត្បិត​អី​ពួកគេ​ពេល​នេះ​ក៏​មាន​២៧​ពិន្ទុ​ផង​ដែរ ​ក្នុង​តារាង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥។



ចំពោះ​ការ​ប៉ះ​គ្នា​វិញ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នេះ ​ក្រុម​បឹង​កេត​បាន​បរាជ័យ​ក្នុង​លទ្ធផល ០-៣​ម្ដង​មក​ហើយ ខណៈ​ដែល​ ៤​ប្រកួត​ចុង​ក្រោយ​នេះ​បឹង​កេត ក៏​មិន​ទាន់​រក​ឃើញ​ជ័យ​ជម្នះ​លើ​ទ័ព​ដែរ ទាំង​ក្នុង​លីគ​និង Cup ។ ដូច្នេះ សូម​រង់ចាំ​មើល​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​ទាំង​អស់​គ្នា ថា​តើ​នរណា​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​មួយ​នេះ?

សំបុត្រ​ចូល​ទស្សនា​ World Cup ឆ្នាំ ២០១៨​បាន​ចាប់​ផ្ដើម​ដាក់​លក់​ហើយ​ថ្ងៃ​នេះ

/ No Comments
សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ World Cup នៅ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ឆ្នាំ ២០១៨​ខាង​មុខ បាន​ចាប់​ផ្ដើម​ដាក់​លក់​ហើយ​ក្នុង​ថ្ងៃ​នេះ។


 អ្នក​មាន​បំណង​ចង់​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ អាច​ដាក់​ពាក្យ​ទិញ​សំបុត្រ​បាន​តាម​រយៈ​គេហទំព័រ​ផ្លូវ​ការ​របស់ FIFA ហើយ​ការ​លក់​នេះ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល។ ក្នុង​ការ​លក់​សំបុត្រ​ដំណាក់​កាល​ទី ១ ប្រិយ​មិត្ត​បាល់ទាត់​អាច​ដាក់​ពាក្យ​សុំ​ទិញ​សំបុត្រ ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ រហូត​ដល់​មុន​ថ្ងៃ​ទី ១២ ខែ​តុលា​ឆ្នាំ​នេះ។ បើ​សិន​ជា​ចំនួន​អ្នក​ទិញ​ច្រើន​ជាង​ចំនួន​សំបុត្រ​ក្នុង​ដំណាក់​កាល​ទី ១​នេះ FIFA នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ (Random Selection Draw) ដើម្បី​ឲ្យ​ប្រិយ​មិត្ត​បាល់​ទាត់​មាន​ឱកាស​បាន​សំបុត្រ។ អ្នក​ដាក់​ពាក្យ​ទិញ​សំបុត្រ​អាច​ដឹង​ថា​ខ្លួន​បាន​សំបុត្រ​ ឬ​អត់​នៅ​ថ្ងៃ​ទី ១៦​ខែ​វិច្ឆិកា ខណៈ​ការ​ចែក​ចាយ​ក្នុង​ការ​លក់​សំបុត្រ​ក្នុង​ដំណាក់​កាល​ទី​១ នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៦​ វិច្ឆិកា រហូត​ដល់​២៨ វិច្ឆិកា ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​លក់​ដំណាក់​កាល​ទី​១​នេះ​ផង​ដែរ។ ចំណែក​ឯ​ដំណាក់​កាល​ទី ២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥​ខែ​ធ្នូ។ បើ​ទោះ​ជា​ការ​លក់​សំបុត្រ​ជា​ផ្លូវការ​មាន​តែ​ពីរ​ដំណាក់​កាល​ក្ដី​ ក៏​មាន​ដែរ​ដំណាក់​កាល​លក់​ពិសេស គឺ​ការ​លក់​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៨​មេសា ដល់​ថ្ងៃ​ទី ១៥ កក្កដា​ឆ្នាំ​ក្រោយ។

តម្លៃ​សំបុត្រ​ចែក​ជា​បួន​ប្រភេទ ដែល​ប្រភេទ​​ទី​១ មាន​លក្ខណៈ​ថ្លៃ​ជាង​គេ ខណៈ​ប្រភេទ​​ទី ៤​ត្រូវ​រក្សា​ជា​ពិសេស​សម្រាប់​តែ​ប្រជាជន​រុស្ស៊ី​ដែល​មាន​តម្លៃ​រាង​ធូរ​ថ្លៃ​ជាង​គេ ក្នុង​ចំណោម​ក្រុម​សំបុត្រ​ទាំង​អស់។   គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cupនឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៤ ​ខែ ​មិថុនា ឆ្នាំ​ក្រោយ នៅ​ប្រទេស​រុស្ស៊ី។ បច្ចុប្បន្ន​មាន ៨​ប្រទេស​ហើយ​បាន​កក់​កន្លែង​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ដូច​ជា រុស្ស៊ី​ផ្ទាល់​ជា​ម្ចាស់​ផ្ទះ ប្រេស៊ីល បែលហ្សិក ម៉ិកស៊ិក អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជប៉ុន និង​កូរ៉េ​ខាង​ត្បូង៕