សំបុត្រចូលទស្សនា World Cup ឆ្នាំ ២០១៨បានចាប់ផ្ដើមដាក់លក់ហើយថ្ងៃនេះ
សំបុត្រសម្រាប់ការចូលទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup នៅប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ ២០១៨ខាងមុខ បានចាប់ផ្ដើមដាក់លក់ហើយក្នុងថ្ងៃនេះ។អ្នកមានបំណងចង់ចូលទស្សនាព្រឹត្តិការណ៍នេះ អាចដាក់ពាក្យទិញសំបុត្របានតាមរយៈគេហទំព័រផ្លូវការរបស់ FIFA ហើយការលក់នេះធ្វើឡើងជាពីរដំណាក់កាល។ ក្នុងការលក់សំបុត្រដំណាក់កាលទី ១ ប្រិយមិត្តបាល់ទាត់អាចដាក់ពាក្យសុំទិញសំបុត្រ ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់មុនថ្ងៃទី ១២ ខែតុលាឆ្នាំនេះ។ បើសិនជាចំនួនអ្នកទិញច្រើនជាងចំនួនសំបុត្រក្នុងដំណាក់កាលទី ១នេះ FIFA នឹងធ្វើការចាប់ឆ្នោត (Random Selection Draw) ដើម្បីឲ្យប្រិយមិត្តបាល់ទាត់មានឱកាសបានសំបុត្រ។ អ្នកដាក់ពាក្យទិញសំបុត្រអាចដឹងថាខ្លួនបានសំបុត្រ ឬអត់នៅថ្ងៃទី ១៦ខែវិច្ឆិកា ខណៈការចែកចាយក្នុងការលក់សំបុត្រក្នុងដំណាក់កាលទី១ នេះនឹងធ្វើឡើងពីថ្ងៃទី ១៦ វិច្ឆិកា រហូតដល់២៨ វិច្ឆិកា ដែលជាថ្ងៃបញ្ចប់ការលក់ដំណាក់កាលទី១នេះផងដែរ។ ចំណែកឯដំណាក់កាលទី ២ នឹងចាប់ផ្ដើមនៅថ្ងៃទី ៥ខែធ្នូ។ បើទោះជាការលក់សំបុត្រជាផ្លូវការមានតែពីរដំណាក់កាលក្ដី ក៏មានដែរដំណាក់កាលលក់ពិសេស គឺការលក់ចុងក្រោយ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៨មេសា ដល់ថ្ងៃទី ១៥ កក្កដាឆ្នាំក្រោយ។
តម្លៃសំបុត្រចែកជាបួនប្រភេទ ដែលប្រភេទទី១ មានលក្ខណៈថ្លៃជាងគេ ខណៈប្រភេទទី ៤ត្រូវរក្សាជាពិសេសសម្រាប់តែប្រជាជនរុស្ស៊ីដែលមានតម្លៃរាងធូរថ្លៃជាងគេ ក្នុងចំណោមក្រុមសំបុត្រទាំងអស់។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក World Cupនឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំក្រោយ នៅប្រទេសរុស្ស៊ី។ បច្ចុប្បន្នមាន ៨ប្រទេសហើយបានកក់កន្លែងទៅលេងក្នុងព្រឹត្តិការណ៍នេះ មានដូចជា រុស្ស៊ីផ្ទាល់ជាម្ចាស់ផ្ទះ ប្រេស៊ីល បែលហ្សិក ម៉ិកស៊ិក អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជប៉ុន និងកូរ៉េខាងត្បូង៕
No Comment to " សំបុត្រចូលទស្សនា World Cup ឆ្នាំ ២០១៨បានចាប់ផ្ដើមដាក់លក់ហើយថ្ងៃនេះ "