អស្ចារ្យ! ព្រឹត្តិការណ៍ MAMA ឆ្នាំ ២០១៧នេះ នឹងប្រារព្ធដល់ទៅ ៤ថ្ងៃឯណោះ
ដំណឹងក្ដៅៗនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ K-Pop ទាំងអស់រំភើប និងភ្ញាក់ផ្អើលជាខ្លាំង។ MAMA (Mnet Asian Music Awards) ឆ្នាំនេះនឹងចាប់ផ្ដើមព្រឹត្តិការណ៍ដ៏ធំនៅប្រទេសចំនួន ៣ គឺប្រទេសវៀតណាម ជប៉ុន និងហុងកុង។ នេះជាការរៀបចំដំបូងបង្អស់មិនធ្លាប់មានពីមុន ចាប់តាំងពីឆ្នាំ ១៩៩៩ ដែល MAMA សម្រេចធ្វើនៅច្រើនប្រទេស ហើយមានរយៈពេលច្រើនថ្ងៃទៀត។
ព័ត៌មានផ្សេងទៀតទាក់ទងនឹងព្រឹត្តិការណ៍នេះ មានការរាយការណ៍មកថា "MAMA Week” នឹងចាប់ផ្ដើមកម្មវិធីក្នុងប្រទេសវៀតណាមមុនគេ (នៅទីតាំងមហោស្រព Hoa Binh) នាថ្ងៃទី ២៥ ខែវិច្ឆិកា, ប្រទេសជប៉ុន (នៅ Yokohama Arena) នៅថ្ងៃទី ២៩ ខែវិច្ឆិកា និងចុងក្រោយក្នុងទីក្រុងហុងកុង (នៅ W Hong Kong និង Asia World-Expo Arena) ធ្វើ ២ថ្ងៃគឺ នៅថ្ងៃទី ៣០ ខែវិច្ឆិកា និង ០១ ខែធ្នូ។
ជាក់ស្ដែងកាលពីឆ្នាំ ២០១៦ កម្មវិធីដ៏អស្ចារ្យនេះ មានការផ្សាយបន្តផ្ទាល់ ដល់ទៅ ៩៧ប្រទេស មានទាំងក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិក អាមេរិកខាងជើង អាហ្វ្រិក និងអូសេអានី ជាដើម ហើយចំនួនអ្នកទស្សនាជុំវិញពិភពលោកវិញ ឈានដល់ខ្ទង់ជាង ២,៤ពាន់លាននាក់ឯណោះ៕